ហេតុផលល្អៗ ដែលនាំឲ្យយើងដាំត្រកួន
- មានជីវជាតិច្រើនសំរាប់ចិញ្ចឹមរាងកាយ
- ងាយស្រួលដាំ ថែទាំ និងងាយស្រួលលក់នៅទីផ្សារ
- ឆាប់បានប្រមូលផល និងប្រមូលបានច្រើនដង
- អាចដាំដុះបានលើដីគ្រប់ប្រភេទ និងគ្រប់រដូវ ឲ្យតែមានទឹកគ្រប់គ្រាន់
- ដើម ស្លឹក យកទៅធ្វើម្ហួបបានច្រើនមុខ និងមានរសជាតិឆ្ងាញ់សំរាប់មនុស្ស និងអាចធ្វើជាចំណីសត្វក៏បាន (ជ្រូក មាន់)
- ងាយស្រួលក្នុងការថែរក្សាគ្រាប់ពូជ
លក្ខណៈទូទៅរបស់ត្រកួន៖
ត្រកួន ជារុក្ខជាតិត្រូវការពន្លឺថ្ងៃ និងទឹកគ្រប់គ្រាន់ វាអាចដុះលូតលាស់លើដីគ្រប់ប្រភេទ ជាពិសេសដីល្បាយខ្សាច់ ដែលមានជីជាតិ ហើយ យើងអាចដាំវាបានគ្រប់រដូវ ទាំងនៅលើដី និងក្នុងទឹក។
តើត្រកួនមានសារធាតុអ្វីខ្លះ?
ត្រកួនជាបន្លែលដែលមានសារធាតុសំខាន់សំរាប់រាងកាយរសប់យើងដូចជា៖
- វីតាមីនសេ ជួយរក្សាធ្មេញនិងអញ្ចាញធ្មេញឲ្យមានសុខភាពល្អ បង្កើនសមត្ថភាពទប់ទល់ឬភាពស៊ាំនិងជំងឺផ្សេងៗ។
- វីតាមីនអា ជួយឲ្យភ្នែកភ្លឺ មើលឃើញបានល្អ។
- ប្រូតេអ៊ីន ជួយដល់ការលូតលាស់ខាងរាងកាយ ជាពិសេសសាច់ដុំ។
- វីតាមីនបេ ជួយឲ្យសរសៃប្រសាទដំណើរការបានល្អ និងបង្កើនការរំលាយអាហារ។
- ជាតិដែក ជួយក្នុងការបង្កើនគ្រាប់ឈាមក្រហម ជាពិសេសស្រ្តីមានផ្ទៃពោះ ត្រូវញ៉ាំត្រកួនឲ្យបានច្រើន។
- កាល់ស្យូម ជាសារធាតុរ៉ែសំរាប់ជួយឲ្យឆ្អឹង និងធ្មេញរឹងមាំ។
ការរៀបចំត្រកួន
ចង់ឲ្យត្រកួនដុះលួតលាស់បានល្អ យើយត្រូវរើសទីកន្លែងដាំ និងធ្វើរងឲ្យបានត្រឹមត្រូវស្របតាមរដូវនីមួយៗ។
ការជ្រើសរើសទីកន្លែងដាំ
រដូវប្រាំង ជ្រើសរើសទីកន្លែងដាំជិតប្រភពទឹក ដើម្បីងាយស្រួលក្នុងការស្រោចស្រព។
ការជ្រើសរើសទីកន្លែងដាំជាការសំខាន់បំផុតដើម្បីជៀសផុតពីការខូចខាត និងដើម្បីទទួលផលបានច្រើន។
រដូវវស្សា
ជ្រើសរើសទីកន្លែងដាំនៅលើដីទួលខ្ពស់មិនលិចទឹក
ចំណាំ៖ ត្រកួនគោកអាចដាំបានគ្រប់រដូវ ឲ្យតែដីធូរមានជីវជាតិ និងមានទឹកគ្រប់គ្រាន់។
ការធ្វើរងដាំ
ឧបករណ៍រៀបចំដី និងជីទ្រាប់បាតរង៖
- ចបជីក ចបកាប់
- រនាស់ដៃ
- បង្គី
- ជីកំប៉ុស្ត ជីលាមកសត្វ
១. កាប់ដីហាលរយៈពេល ១០ថ្ងៃ ទុកឲ្យស្ងួត ទើបវាយបំបែកដីឲ្យម៉ដ្ឋ។
២. លើករងត្រកួនដែលមានទទឹង ១ម៉ែត្រ កំពស់ ១តឹក ឯបណ្តោយអាស្រ័យទៅតាមស្ថានភាពដីវែង ឬខ្លី។
ការធ្វើរងដាំនៅរដូវប្រាំង
១. កាប់ដីហាលរយៈពេលមួយអាទិត្យ បន្ទាប់មកវាយបំបែកដីឲ្យម៉ដ្ឋ។
២. លើករងដាំដែលមានទទឹង ១ម៉ែត កំពស់ ១តឹក និង បណ្តោយអាស្រ័យទៅតាមស្ថានភាពដីវែង ឬខ្លី។
*ហេតុអ្វីបានជាត្រូវលើករងឲ្យខ្ពស់?
=>ដើម្បីការពារទឹកដក់ ឬលិចរងពេលមានភ្លៀងធ្លាក់ជោកជាំ។
ការដាក់ជីទ្រាប់បាត
អ្នកដាំគួរយល់ដឹង ៖ ត្រូវរោយជីកំប៉ុស្ត ឬជីអាចម៍គោដែលពុកផុយ ចំនួនពី ៣ ទៅ ៥ គីឡូ នៅលើដី១ម៉ែតបួនជ្រុង។
- យកជីកំប៉ុស្ត ឬជីលាមកសត្វផ្សេងៗ ដែលពុកផុយ មករោយពីលើរង។
- យកចប់កាប់មកជ្រំៗដី ត្រឡប់សារចុះ សារឡើងដើម្បីឲ្យជីចូលទៅក្នុងដី។
- យករនាស់ដៃមករាស់ដីឲ្យបានស្មើល្អ។
* ជៀសវាង៖ មិនត្រូវយកជីកំប៉ុស្តទៅចាក់គរទុកចោលនៅលើរង ដោយមិនជ្រំត្រឡប់នោះទេ ព្រោះវាធ្វើឲ្យសារធាតុចិញ្ចឹមនៅក្នុងជីហើរទៅតាមខ្យល់។
ការដាំត្រកួន
ដើម្បីឲ្យគ្រាប់ពូជដុះបានល្អ យើងត្រូវយកគ្រាប់ពូជណាដែលគ្មានជំងឺ គ្មានការបំផ្លាញពីសត្វល្អិត និងមិនទុកយូរឆ្នាំពេក។
ការរៀបចំគ្រាប់ពូជ
សំភារៈសំរាប់បណ្តុះ និងវត្ថុធាតុដើមសំរាប់ដាំមានដូចជា៖
- កូនឈើសំរាប់ឆូតរងដាំ
- ចង្អេរ
- ចានដែក
- ក្រណាត់សំរាប់ខ្ចប់
- គ្រាប់ពូជត្រកួន និង
- កំទេចចំបើង
របៀបបណ្តុះ
- ត្រូវហាលគ្រាប់ពូជនៅពេលថ្ងៃស្រទន់ គឺចន្លោះពីម៉ោង៨ដល់ម៉ោង១១ព្រឹករយៈពេល១ទៅ២ម៉ោង ដើម្បីសម្លាប់មេរោគដែលនៅជាប់នឹងគ្រាប់ ហើយ បើហាលគ្រាប់ពូជនៅក្រោមថ្ងៃក្តៅខ្លាំធ្វើឲ្យគ្រាប់ពូជឆ្អិនពេក ជាហេតុនាំឲ្យគ្រាប់មិនដុះ។
- យកគ្រាប់ពូជមកអុំរោយ និងរើសកំទេចកំទីសំរាមចោល។
- ត្រាំគ្រាប់ពូជក្នុងទឹករយៈពេល១២ម៉ោង (១យប់)។
- ស្រង់គ្រាប់ពូជ រួចយកក្រណាត់មកខ្ចប់ និងផ្សើមទឹកឲ្យសើមៗជានិច្ច ផ្អាប់ទុកពី ១ ទៅ២យប់ ដើម្បីឲ្យគ្រាប់ដុះពន្លក ទើបយកទៅដាំ។
ការសាបគ្រាប់ ឬការដាំ
របៀបដាំ
- ឆូតកូនចង្អូរកាត់ទទឹងរងជំរៅ១សង់ទីម៉ែត្រនៅរដូវប្រាំង និង២សង់ទីម៉ែត្រ នៅរដូវវស្សា។
- ឆូតរងដាំដោយទុកចន្លោះពីចង្អូរមួយ ទៅចង្អូរមួយ ចម្ងាយកន្លះតឹក នៅរដូវប្រាំង និង ១តឹកនៅរដូវវស្សា។
- រោយគ្រាប់ដោយទុកចន្លោះពីគ្រាប់១ ទៅគ្រាប់១ ប្រវែងមួយសង់ទីម៉ែត្រ នៅរដូវប្រាំង និងប្រវែងពីរសង់ទីម៉ែត្រនៅរដូវវស្សា។ ការរោយគ្រាប់តាមកូនចង្អូរត្រូវឲ្យស្មើល្អ នៅលើផ្ទៃដី១ម៉ែត្របួនជ្រុង ត្រូវប្រើគ្រាប់អស់ចំនួន៥ក្រាម។ ក្រោយពីរោយគ្រាប់ត្រកួនរួច ត្រូវយកកំទេចចំបើង ឬកំទេចស្លឹកឈើ គ្របពីលើដើម្បីការពារកុំឲ្យហួតសំណើម។
ការថែទាំមុនពេលប្រមូលផល
ដំណាំត្រកួនមិនពិបានថែទាំទេ គឺយើងគ្រាន់តែដកស្មៅ ស្រោចជី និងស្រោចទឹក ឲ្យបានគ្រប់គ្រាន់ប៉ុណ្ណោះ។ ដំណាំត្រកួនត្រូវការទឹកច្រើន ប្រសិនបើខ្វះទឹក ដើមត្រកួនលូតលាស់មិនបានល្អនោះទេ វាក្រិន ឬរឹង។ នៅរដូវប្រាំង ក្រោយពីដាំហើយ យើងត្រូវស្រោចទឹកឲ្យជោក មួយថ្ងៃ២ដង (ព្រឹក និងល្ងាច)។ នៅរដូវវស្សា យើងមិនចាំបាច់ស្រោចទឹកនោះទេ ប្រសិនបើមានភ្លៀងដក់ទឹកច្រើន ត្រូវបង្ហូរទឹកចេញពីរង។ ជ្រំដី និងដកស្មៅជុំវិញគល់ត្រកួនឲ្យបានញឹកញាប់ក្រោយពីត្រកួនដុះបានរយៈពេលពី៤ទៅ៥ថ្ងៃ ព្រោះក្នុងរយៈពេលនេះ ស្មៅកំពុងដុះលួតលាស់ប្រជែងជាមួយត្រកួនដែរ។
ការប្រមូលផលត្រកួន
ក្រោយពីដាំរយៈពេល ១៥ ទៅ២៥ថ្ងៃ យើងអាចដក ឬកាត់ត្រកួនបានហើយ។ ហើយការប្រមួលផលមានពីររបៀប គឺការដកទាំងឬស និងការកាត់ដើម។
ការតទាំងឬស
យើងប្រើដៃចាប់ដកត្រកួនទាំឬសថ្នមៗ រួចដាក់ក្នុងកញ្ច្រែង បន្ទាប់មកលាងសំអាតដី ដែលជាប់នឹងឬសឲ្យបានស្អាត តែការប្រមួលផលដោយដកទាំឬសធ្វើឲ្យយើងខាតបង់លុយច្រើន។
ការកាត់ដើម
យើងប្រើកូនកាំបិត ដើម្បីកាត់ដើមត្រកួន ដើយទុកគល់ពីដីប្រវែង ២ទៅ៣សង់ទីម៉ែត្រ ដើម្បីឲ្យត្រកួនលាស់ត្រួយថ្មី។ យើងអាចកាត់ត្រកួនបានចាប់ពី៤ ទៅ១០ដង រហូតដល់ត្រកួនលែងដុះលួតលាស់ទៀត ដូចនេះការប្រមូលផលដោយការកាត់គឺចំណេញ់ជាងការប្រមូលផលដោយការដកទាំឬស។